កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១៣២៧ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចតាមគោលដៅកម្ពុជាអស់មីន នៅឆ្នាំ២០២៥។ នេះបើតាម សារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ»។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្វី មានប្រសាសន៍ថា បើវិស័យសកម្ម ភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៦៤៨ គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១៣២៧ គីឡូ ម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន “កម្ពុជាមួយគ្មាន មីនឆ្នាំ២០២៥» ។
សម្តេចតេជោបញ្ជាក់ថា ការគំរាម កំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅ កម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្ត ទៅដោយសុវត្ថិភាព។ ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះ នៅតែជាកិច្ចការដ៏ចាំបាច់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន នៅតាមសហគមន៍ដែលយើងត្រូវតែយកចិត្តទុកដាក់។
បើតាមសារលិខិតបន្ថែមថា មកទល់ពេលនេះ កម្ពុជាបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗ ជាច្រើនលើវិស័យសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ជោគជ័យដ៏ត្រចះត្រចង់ទាំងនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការ ឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្ម ភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាន នូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្ត ទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។
សូមជម្រាបថា រយៈពេល៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២មក ផ្ទៃដីទំហំ ២៥៥៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្ក បង្កើនផល។
ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនា សម្ព័ន្ធ ៧ភាគរយ និងផ្សេងៗ ២២ភាគរយ រួមមាន៖ ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខ ភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១០ ០៣១ ៦៦៤ នាក់។
មីនប្រឆាំងមនុស្ស ចំនួន ១លាន ១៥៣ ២១៧ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៣០ ៣៤ ៧០២៧ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លង ទៅ បានបោសសម្អាតផ្ទៃដីចំនួន ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើន ផល។
ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ៣៦ ៦០៩ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ១៨៣ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥៥ ៨០៣ គ្រាប់។
ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ ឆ្នាំចុងក្រោយ៕






