អាមេរិកបាននិយាយថា ខ្លួនយល់ស្របជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលថា ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដល់រុស្ស៊ី រំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ទីក្រុង គៀវ(Kyiv) ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃចន្ទ បញ្ចេញដោយរុស្ស៊ី ប៉ុន្តែត្រូវបានគេជឿថា ជាការផលិតដោយអ៊ីរ៉ង់។
ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកយល់ស្របនឹងការវាយតម្លៃរបស់បារាំង និងអង់គ្លេស ដែលថាយន្តហោះគ្មានមនុស្សបើកបានរំលោភលើសេចក្តីសម្រេចចិត្តលេខ 2231 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ៊ុយក្រែនបានកំណត់អត្តសញ្ញាណយន្តហោះគ្មានមនុស្សបើក ឬយានគ្មានមនុស្សបើក (UAVs) ថាជាអាវុធអ៊ីរ៉ង់ ហ្សាហែត-136 (Shahed-136)។ លោក វេដន់ ប៉ាថែវ (Vedant Patel) នៃនាយកដ្ឋានរដ្ឋបាននិយាយថា UAVsនេះ ត្រូវបានផ្ទេរពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងប្រើប្រាស់ដោយប្រទេសរុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអាវុធ ត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេច២២៣១។ អ៊ីរ៉ង់បដិសេធការផ្គត់ផ្គង់ពួកគេដល់រុស្ស៊ី ប៉ុន្តែលោក ប៉ាថែវ បាននិយាយថា សហរដ្ឋអាមេរិក បានលាតត្រដាងជាសាធារណៈថា រុស្ស៊ីបានទទួលយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់៕
បកប្រែដោយ រម៉ាម វ៉ុង








