លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចខណ្ឌទួលគោកត្រូវរួមសហការគ្នាឲ្យបានល្អបំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុង ស៊ីបញ្ចាំខុសច្បាប់អោយដូចភ្លៀងរលឹមធ្វើយ៉ាង ណាឱ្យតំបន់មួយនេះមានភាពល្អប្រសើរឡើងវិញ។
លោក ឃ្លាំង ហួត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់អោយអស់ពីមូលដ្ឋានតាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំងដែលយើងទទួលបានព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើស។ ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីលោកអធិការអធិការរងនរគបាល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ ចៅសង្កាត់ និងមេភូមិជាច្រើននាក់ទៀត។
លោក ឃ្លាំង ហួត បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពខណ្ឌក៏ដូចជាមន្ត្រីពាក់ព័ន្ធត្រូវធ្វើរបាយ ការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដាននិងពិនិត្យធ្វើយ៉ាងណាឲ្យការងារបង្ក្រាបនិងទប់ស្កាត់នេះប្រព្រឹត្តទៅប្រកបដោយរលូននិងមានប្រសិទ្ធ ភាពបំផុត។ លោកស្នើអោយការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុប បំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា លទ្ធផលការងារដែលអនុវត្តកន្លងមក រួមមាន៖ ឆែកឆេរត្រួតពិនិត្យ និងបង្ក្រាបទីតាំងទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានក្នុងមូលដ្ឋានខណ្ឌទួលគោកសរុបចំនួន៥៤ទីតាំង នៅសង្កាត់ទឹកល្អកទី៣ ក្នុងនោះ៖ បង្ក្រាបទីតាំងទទួលបញ្ចាំ (ទ្រព្យបញ្ចាំមិនប្រក្រតី)ចំនួន១៦ទីតាំង ឃាត់ខ្លួន១០នាក់ និងដកហូតម៉ូតូ១.២៥៣គ្រឿង រថយន្ត ១៤គ្រឿង, កង់បី៩គ្រឿង និង ម៉ូតូ HassApp ១២គ្រឿង បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុនOCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និង ទីតាំងចំនួន៣៤ ត្រួតពិនិត្យឃើញមានច្បាប់អនុញ្ញាត និងទទួលទ្រព្យបញ្ចាំត្រឹមត្រូវតាមនីតិវិធី។សូមបញ្ជាក់ផងដែរថា បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២២នេះ អាជ្ញាធររាជធានីភ្នំពេញបានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុបចំនួន១៣៣៨ទីតាំង ។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕ដោយះ សំអាតនិងីសិដ្ឋ






