(ខេត្តក្រចេះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០)៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តក្រចេះ បាននិយាយថា ក្រោយពីការចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់ ចរាចរណ៍ទំនិញខូចគុណភាព ពេញមួយព្រឹក នៅផ្សារសាមគ្គីក្រុងក្រចេះ នៅថ្ងៃទី៦ខែសីហានេះ មន្ត្រីជំនាញពុំបានរកឃើញមុខទំនិញណាមួយដែលខូចគុណភាពនោះទេ។
ការចុះស្រាវជ្រាវនៅថ្ងៃនេះ ត្រូវបានមន្ត្រីជំនាញអះអាងថា គឺក្រុមមន្ត្រីជំនាញ បានពិនិត្យដោយផ្តោតសំខាន់ទៅលើអំបិលអ៊ីយ៉ូតនិងអាហារូបត្ថម្ភសំរាប់ទារក។
លោក លាង បូរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តក្រចេះ បាននិយាយថា ការចុះស្រាវជ្រាវ ទប់ស្កាត់ ការចរាចរណ៍គ្រឿងឧបភោគ បរិភោគ ដែលមានសារធាតុគីមីហាមឃាត់ ទំនិញខូចគុណភាព ពិសេសលើអំបិលអ៊ីយ៉ូត និងអាហាររូបត្ថម្ភសំរាប់ទារក ក្រុមមន្ត្រីជំនាញ បានសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីផងដែរ។ ជាមួយនិងការស្រាវជ្រាវនោះ ត្រូវបានលោក លាង បូរ៉ា និយាយថា គឺក្រុមមន្ត្រិជំនាញ ពុំបានពិនិត្យរកឃើញមុខទំនិញណាមួយដែលខូចគុណភាពឬហួសការបរិច្ឆេទនោះទេ។
លោកបានបន្តថា ជាមួយគ្នានោះក្រុមមន្ត្រីជំនាញ បានធ្វើតេស្តលើអំបិលអ៊ីយ៉ូតជាច្រើនកញ្ចប់ ហើយឃើញថា កំហាប់អីយ៉ូតនៅក្នុងអំបិល ស្លាកសញ្ញាភ្នំពេញ គឺមានកំហាប់អ៊ីយ៉ូត២១.៩ ដោយឡែកអំបិលគ្រួស និងអំបិលច្រកថង់ គឺមានកំហាប់អីយ៉ូតតិចតួចបំផុត។
លោកថា កំហាប់អីយ៉ូតនៅក្នុងអំបិល គឺមានសារៈសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយ ជាពិសេសលើកុមារ ដូចជាធ្វើឱ្យកុមារមានសុខភាពល្អ ធ្វើឱ្យរាងកាយមានការលូតលាស់ល្អ ឆ្លាតវៀងវៃ ជួយការពារជំងឺពកក ជំងឺក្រេះក្រិន និងធ្វើឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ។
ជាមួយគ្នានោះ ក្រុមមន្ត្រីជំនាញសាខា (ក.ប.ប) ខេត្តក្រចេះ ក៏បានចុះពិនិត្យលើទីតាំងលក់អាហាររូបត្ថម្ភសំរាប់ទារក និងកុមារ ដែលម្ចាស់ផលិតផល មិនទាន់បានបំពេញកាតកិច្ចរបស់ខ្លួន នៅលើសំបកកញ្ចប់ ជាប់និងផលិតផល ដូចជាការបង្ហាញ អំពីវិធីណែនាំប្រើប្រាស់ផលិតផល ជាភាសារខ្មែរ និងត្រូវពន្យល់ពួកគាត់ថា គ្មានអ្វីប្រសើរជាង ការបំបៅកូនដោយទឹកដោះម្តាយ តែមួយមុខគត់រហូតបាន៦ខែ និងបន្តបំបោះទឹកដោះម្តាយរហូត បានអាយុ២ឆ្នាំ និងលើសពីនេះ៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល កែវ)





