ខេត្តកណ្តាល,ថ្ងៃ២៨ ខែ មេសា ឆ្នាំ ២០២០៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល គ្រប់លំដាប់ថ្នាក់សូមបន្តអនុវត្តនូវកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្តទៀត ដើម្បីបញ្ចៀសបាននូវការឆ្លងរាតត្បាតនៃជំងឺនេះក្នុងមូលដ្ឋានខ្លួន មិនត្រូវមានការធ្វេសប្រហែសដាច់ខាត បើទោះបីជា បច្ចុប្បន្ននេះទូទាំងប្រទេសកម្ពុជាយើង មានអត្រានៃការព្យាបាលជាសះស្បើយក៏ដោយ។
ការអំពាវនាវនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ឯកឧត្តមបន្តថា អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយ អប់រំឲ្យបានកាន់តែទូលំទូលាយគ្រប់មធ្យោបាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទទួលបានយល់ដឹង គ្រប់ជ្រុងជ្រោយ មានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួនពីការឆ្លង តាមរយៈការធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវបំផុសឲ្យប្រជាពរដ្ឋ កាត់បន្ថយការជួបជុំ ត្រូវពាក់ម៉ាស លាងដៃ និងសាប៊ូ អាកុល ឬជែលជាដើម និងត្រូវណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមអនុសាសន៍និងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់អាជ្ញាធរពាក់ព័ន្ធត្រូវ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លប់បំបាត់ជាបន្ទាន់នូវ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋានដើម្បីធានាឲ្យបាននូវភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។
តាមរបាយការណ៍របស់រដ្ឋបាល ស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ថា ក្នុងការងារប្រយុទ្ធនឹងប្រឆាំងជំងឺ កូវីត១៩ រដ្ឋបាលស្រុកបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ២កន្លែងគឺនៅមណ្ឌលសុខភាពកម្មករតេជោសែនវិហារសួគ៌ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល។
រដ្ឋបាលស្រុកបានធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទនៅតាមមណ្ឌលសកម្មភាពចំនួន ១៩៨ និងផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ បានចុះបាញ់ថ្នាំ និងចែកខិតប័ណ្ណ តាមរោងចក្រផ្សារ វត្តអារាមមណ្ឌលសុខភាព សាលាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងសហគមន៍គ្រប់ឃុំទាំង ១៨ ក្នុងស្រុក។
រដ្ឋបាលស្រុកបានគ្រប់គ្រងយ៉ាងមាត់ចំពោះជនបរទេស កម្មករ ដែលមកពីក្រៅប្រទេស ដោយបានតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់ តាមវិធានការណ៍ចត្តាឡីស័ក បើគិតត្រឹមថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០នេះ សរុបមាន ចំនួន ១៦៧ នាក់ ស្រី ៧១ ចំពោះអ្នកដែលហួសនៃការចាត់វិធានការនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មានចំនួន ១៥២នាក់ ស្រី ៦៨នាក់ និងកំពុងស្ថិតក្នុងអំឡុងពេលចាត់វិធានការឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មានចំនួន ១៥ នាក់ស្រី ៣ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានចែកម៉ាសចំនួន ៩០ប្រអប់ សារុងចំនួន ២៣៦ និងថវិកាជូនដល់អ្នកចូលរួមទាំង ២៣៦ នាក់ដោយក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល ផងដែរ។