ខេត្ដព្រៃវែង ៖ ក្មេងស្រីអាយុ15ខែម្នាក់ ដើរទៅតាមជីដូនបេះម្អមនៅវាលស្រែ តែរអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់គួរឲ្យសង្វែគ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល1 និង30នាទី រសៀលថ្ងៃទី25 ខែតុលា ឆ្នាំ2018 នៅចំណុចស្រះទឹកក្រោយផ្ទះ ស្ថិតក្នុងភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ក្មេងស្រីរងគ្រោះឈ្មោះ ខ្វី សូរិយា អាយុ15ខែ រស់នៅជាមួយជីដូនឈ្មោះ ឈាង ផល អាយុ52ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
តាមរបាយបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ជីដូនបានដើរទៅបេះម្អមនៅវាលស្រែខាងក្រោយផ្ទះ ដោយមិនបានដឹងថាចៅ (ក្មេងស្រីរងគ្រោះ) ដើរទៅតាមក្រោយនោះទេ លុះពេលត្រឡប់មកផ្ទះវិញបាត់ចៅ បកទៅរកវិញប្រទះឃើញចៅនៅក្នុងទឹកស្រះ ក៍ស្ទះទៅស្រង់់ចៅឡើងគោក តែជាអកុសល់ក្មេងស្រីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថាក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលទឹកស្រះខ្លួនឯងប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់






