រតនគិរី ៖ ភ្លៀងយ៉ាងខ្លាំងលាយឡំខ្យល់និងរន្ទះបានបាញ់សត្វគោងាប់ ប្រាំមួយក្បាល របស់ជនជាតិគ្រឹងនៅ ភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
លោក នី ណុល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិឃុំខាងលើ និងជាម្ចាស់គោងាប់នោះបានប្រាប់ឱ្យ ដឹងថា នៅវេលាជាង១០យប់ ថ្ងៃទី៣០ ខែឧសភា ភ្លៀងបានធ្លាក់មួយមេធំដោយលាយឡំខ្យល់កន្ទ្រាក់ពេលនោះ គាត់បាន ដើរមកបំរ៉ុងដឹកគោរគាត់ចូលគ្រោល ក៍ឃើញភ្លើងធ្លាក់ពីលើមេឃ មកចំកន្លែងគោររបស់គាត់ ពេលនោះគាត់រត់ចូលផ្ទះវិញ ឮសូររន្ទះបាញ់ លុះស្ងប់ភ្លៀង គាត់មកមើលឃើញរន្ទះបាញ់ត្រូវដើមស្វាយចន្ទីដែលគាត់ចងគោរ ហើយបណ្ដាលឱ្យគោ ដែលគាត់ចងឱ្យដេកនៅខាងក្រោមដើមស្វាយចន្ទីនោះងាប់ចំនួនប្រាំមួយក្បាលតែម្ដង។
ម្ចាស់គោរូបនេះបានបន្ដឱ្យដឹងទៀតថា គោប្រាំមួយក្បាល ដែលរន្ទះបាញ់ងាប់នោះមានឈ្មូលចំនួនបួនក្បាល និងញីចំនួន ពីរក្បាល។ គាត់សម្រេចលក់គោងាប់នោះឱ្យទៅកុងស៊ីចំនួនបីក្បាលក្នុងតម្លៃជិតមួយលានរៀល។ គាត់បានបញ្ជាក់ថា គ្រួសារគាត់បានចិញ្ចឹមសត្វគោដល់ទៅ២២ក្បាល គឺទុកសម្រាប់លក់ចិញ្ចឹមជីវិត មិននឹកស្មានថាត្រូវជួបគ្រោះថ្នាក់ចឹង សោះ។
លោក ពៀន សុវណ្ណមេ ប៉ុស្ដិរដ្ឋបាលឃុំចាអ៊ុង បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថាករណីរន្ទះបាញ់សត្វគោនៅទីតាំងខាងលើ តាមពិតទៅរន្ទះបាញ់ដើមស្វាយចន្ទីទេ ប៉ុន្ដែដោយសារគាត់យកគោទៅចងនៅខាងក្រោមដើមចន្ទីនោះទើបបណ្ដាលឱ្យរន្ទះ
បាញ់ងាប់សត្វគោដល់ទៅប្រាំមួយក្បាលតែម្ដងទៅ។ លោកមេប៉ុស្ដិបានបញ្ជាក់ថាប៉ាតុភូតធម្មជាតិបែបនេះ កន្លងមកមិន ធ្លាប់កើតមានក្នុងភូមិរបស់បងប្អូនជនជាតិ ភូមិចាអ៊ុង ហើយនេះជាលើកទីមួយដែលរន្ទះបានបាញ់គោរបស់ប្រជាពលរដ្ ឋនៅភូមិនេះ៕ កេត សុធី









