សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះ ក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ។
ឯកឧត្តម វ៉ាង អ៊ី បានបញ្ជាក់ថា ខេត្តយូណាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)” ។
លើសពីនេះ ឯកឧត្តម វ៉ាង អ៊ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង លេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន។
សម្តេចធិបតី ក៏បានគូសរំលេចផងដែរ នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះជាដើម ។
សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕






