ខេត្តកណ្តាល៖ យុវជនម្នាក់ បានរងរបួសជាទម្ងន់ ដោយសារត្រូវជនសង្ស័យម្នាក់កាប់នឹងកាំបិត ដែលករណីនេះផ្តើមចេញពីការយល់ច្រឡំ ដោយជនល្មើសគិតថា ប្អូនជនរងគ្រោះបានវាយបក្ខពួកខ្លួនក៏ដេញតាមដល់ផ្ទះ លុះពេលឃើញជនរងគ្រោះដើរចេញពីក្រោមផ្ទះ ក៏យកកាំបិតកាប់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិល្វា សក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើមានឈ្មោះ ហេង មុន្នី ភេទ ប្រុស អាយុ ២៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ ជាងកាត់កញ្ចក់ មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមានឈ្មោះ សួន ចន្ធី ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្ដាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់៕






