ថ្លែងក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “បច្ចុប្បន្ននេះក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែ សោះអំពីជម្លោះសាសនានៅកម្ពុជា។
សម្រាប់កម្ពុជា សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិ ភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ព្រះ មហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្តោសប្រណី ដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ។
សម្តេចធិបតី បានរំលឹកថា “បងប្អូនខ្មែរឥស្លាមបានរងទុក្ខលំបាកដោយ សារសង្គ្រាមការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និង អំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។
សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័ន កំពូលឥស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ជាមួយនឹងសន្តិភាពការជឿនលឿន នៃសង្គមសេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើនក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើន នៅលើពិភពលោក។
ជាពិសេសនោះបងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ហើយបងប្អូនឥស្លាមខ្លះទៀតមានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា”៕






