សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ«តេជោសន្តិភាព» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែតចាត់ទុក មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ជាមោទនភាពជាតិ និងជាមន្ទីរពេទ្យជាតិធំជាងគេរបស់កម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ«តេជោសន្តិភាព» នៅថ្ងៃទី២៤ ខែតុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៏ថា ការដាក់សម្ពោធមន្ទីរពេទ្យជាតិធំជាងគេ របស់កម្ពុជា នាពេលនេះ ជាមោទនភាពរបស់យើងទាំងអស់គ្នា។
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» នឹងជួយសម្រួលការការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ មិនត្រឹមតែនៅ រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងទៀត ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការរៀបចំពេទ្យ ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាយុទ្ធសាស្ដ្រយូរអង្វែង សម្រាប់ដោះស្រាយបញ្ហាចំពោះមុខ នៃកំណើនជំងឺផ្សេងៗ ហើយកន្លែងប្រមូលផ្ដុំនៅទីនេះ នឹងជួយសម្រាលបន្ទុកមន្ទីរពេទ្យផ្សេងៗ ដែលមាននៅរាជធានីភ្នំពេញ។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏ជាការត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហា ដែលកើតឡើងដោយចៃដន្យ ដូចការរាតត្បាតកូវីដ១៩ កន្លងមកផងដែរ។
សូមជម្រាបថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានចំនួន ១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ អគារព្យាបាលកម្រិតធ្ងន់ មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល មានគ្រែសរុប ៨,៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។
ជាមួយគ្នានេះក៏មានអគារបច្ចេកទេស អគារបច្ចេកទេស អគារផ្គត់ផ្គង់និងព័ត៌មាន អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤គ្រែ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ បានបញ្ចប់ការសាងសង់ រួចជាស្ថាពរ នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនាឆ្នាំ ២០២៣៕






