បើសេចក្ដីប្រកាសរបស់ ក្រសួងរ៉ែ និងថាមពលបានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការលើកទឹកចិត្ត និងបន្ធូរបន្ថយថ្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
ការបញ្ចុះតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីជួយកាត់បន្ថយការចំណាយសម្រាប់អាជីវកម្មនាន ក្នុងអំឡុងពេលដែលកម្ពុជាកំពុងទប់ស្កាត់ជំងឺកូវីដ១៩៖
១-ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែងតាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះ ដោយការព្យួរឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាឬអ្នកផ្គត់ផ្គង់ឯកជន ក៏ដោយ។
២. រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្មឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន។
៣. ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយលើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល 3 ខែដើមឆ្នាំគិតចាប់ពីខែមករា ដល់ខែមីនា ចំពោះទីតាំងឧស្សាហកម្មកសិកម្មពាណិជ្ជកម្ម សេវាកម្មណា ដែលបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជួយទប់ការថយចុះនៃសេដ្ឋកិច្ចក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។








