ខេត្ដព្រៃវែង ៖ រថយន្តមិនស្គាល់ម៉ាក់១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង 11និង15នាទីព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ11 ត្រង់ចំណុចចន្លោះព្រំប្រទល់ភូមិស្តៅ និងភូមិពន្លៃ, ឃុំព្រៃកណ្តៀង, ស្រុកពាមរក៍, ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ដែលបានដកស្រង់ពីប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើ បានបើកបំរុងវ៉ារថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកស្របគ្នា ក៍ជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿង ម៉ាកវ៉េវព៏ណខ្មៅ ពាក់ស្លាកលេខ “ព្រៃវែង 1C.7833″ ដែលកំពុងបើកបរដឹកទ្រុងដាក់កណ្តុរ ក្នុងទិសដៅពីជើងទៅត្បូង”បញ្ជ្រាស់គ្នា” ដោយបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះ សុខ កែវ អាយុ២៣ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិ6, សង្កាត់កំពង់លាវ, ក្រុងព្រៃវែង, ខេត្តព្រៃវែង ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេដឹកតាមរថយន្តសាម៉ុយក ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។
ចំណែករថយន្ត បន្ទាប់ពីបង្កឲ្យមានមនុស្សរងរបួសរួច បានព្យាយាមបើករត់គេចបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការវាស់វែង និងបន្តស្រាវជ្រាវរករថយន្តបង្ក។ ចំណែកម៉ូតូ និងសម្ភារៈជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសុំយកទៅថែរក្សាដោយខ្លួនឯង៕






