ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ដោយសារពីដំបូងឡើយប្រជាពលរដ្ឋបានប្រាប់ថា មានករណីជនសង្ស័យ យកកាំបិតភ្ជង់ប្លន់អ្នកវ៉េលុយមួយកន្លែង នៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ប៉ុន្តែត្រូវបានសមត្ថកិច្ចបដិសេធ ដោយថាគឺជាករណីចូលលួចមានស្ថានទម្ងន់ទោសទៅវិញ។ យ៉ាងនេះក្តីសមត្ថកិច្ចបានតាមប្រម៉ាញ់ជនសង្ស័យ រហូតចាប់ខ្លួនបាន នៅកណ្តាលអធ្រាតុយប់ថ្ងៃដដែល និងដកហូតបានប្រាក់ទាំងអស់មកវិញ។
យោងតាមប្រភពព័ត៌មានពីដំបូង ពីប្រជាពលរដ្ឋ ដែលកំពុងភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ បានអោយដឹងថា មានយុវជនម្នាក់បានជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ចូលទៅក្នុងផ្ទះវេលុយមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ុន ប៊ុនលាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ពេលនោះម្ចាស់ផ្ទះបានទៅទទួល ស្មានតែគេមកវ៉េលុយ ក៏ស្រាប់តែត្រូវជនសង្សយយកកាំបិតភ្ជង់ប្លន់ម្ចាស់ផ្ទះ ដោយគម្រាមកុំមិនឲ្យស្រែក ហើយបន្ទាប់មកជនសង្ស័យខាងលើ បានទៅប្រមូលលុយពីក្នុងថតទូរ ដាក់ចូលថង់ខ្មៅ និងជិះម៉ូតូរត់គេចពីកន្លែងកើតហេតុ តាមបណ្ដោយផ្លូវលេខ c50 បាត់ទៅ។ ខណៈនោះប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានផ្អើលឆោឡោឡើង ផ្អើលដល់សមត្ថកិច្ច ក៏បានចេញប្រតិបត្តិការ ដេញតាមប្រមាញ់រហូតយកបានម៉ូតូសង់កូរ៉េ១គ្រឿង ដែលជនសង្ស័យបានទម្លាក់ចោល តែមិនទាន់ចាប់បានជនសង្សយ័ភ្លាមៗនៅឡើយនោះទេ។
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ករណីខាងលើនេះជាករណីលួចមានស្ថានទំងន់ទោស ហើយជនសង្ស័យដែលបានចាប់ខ្លួន ខាងលើមានឈ្មោះ ផាន់ សុភាស់ ហៅជា អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ តែបានមកស្នាក់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង យូៗម្តងទៅលេងផ្ទះ។ ចំពោះវត្ថុតាងដកហូតបាន មានប្រាក់ចំនួន ៦លាន ៣០ម៉ឺនរៀល ទូរសព្ទ័ដៃ១គ្រឿង និងម៉ូតូសង់កូរ៉េ១គ្រឿង។
នៅរសៀលថ្ងៃទី០៧ ខែមករា នេះ សមត្ថកិច្ចរបស់លោកកំពុងតែកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ពៅ សុខហ៊ាន






