កម្ពុជា និងប្រ៊ុយណេ បានបន្តប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
នាទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ីព្រឹកថ្ងៃទី៦ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។ ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និងសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។
ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតីទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ។
សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និង បានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត ៕






