ខេត្តកណ្តាល៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនជាង៤០កញ្ចប់ ខណៈដែលរូបគេកំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សោម វិនដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
រីឯវត្ថតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤៥កញ្ចប់ ក្នុងនោះ ធំ០១កញ្ចប់ និងតូច៤៤កញ្ចប់ , ម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GZ – 0564 និងសម្ភារៈសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សោម វិនដា បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ តម្លៃ ២០០$ (ពីររយដុល្លារ) ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចទួលស្វាយព្រៃ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់ លក់ក្នុង០១កញ្ចប់តូច តម្លៃ៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណំរឿងបញ្ជូន បន្តតាមនិតិវិធី ៕ ដោយ ដាំ ជា