ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ជូនដំណឹងដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវទៅពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ទោះគ្មានច្បាប់ស្នាក់នៅស្របច្បាប់ក៏ដោយ បើសិនមានសញ្ញាណាមួយដែលសង្ស័យជារោគសញ្ញានៃវីរុស COVID-19។
ក្នុងសេចក្តីជូនដំណឹង បានបង្ហាញខ្លះៗពីរោគសញ្ញាដែលគួរឲ្យសង្ស័យដូចជា ៖ ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពងក ហៀរសំបោរ និងដកដង្ហើមថប់ណែន ជាដើម…។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បើទោះបីជាការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ពុំមានការលើកលែងទោសក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថា កើតជំងឺ COVID-19 រួមទាំងអ្នកជូនអ្នកជំងឺទៅមន្ទីរពេទ្យផងដែរ ដោយពិនិត្យ ដោះស្រាយតាមករណីជាក់ស្តែងនីមួយៗ៕






