សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ២០០០នាក់ មកពីរោងចក្រចំនួន៥នៅរាជធានីភ្នំពេញ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិត សម រង្សី និងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។
ក្នុងពិធីសំណេះសំណោលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងជាង២០០០នាក់ ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មា ធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំងជាង២០០០នាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើរចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ី ដែលជាជនក្បត់ជាតិបីជំនាន់ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៏ថា សម្តេចនូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺកូវីដ-១៩ ជាលើកទី២ ថែមទៀត តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីកជូនប្រជាពលរដ្ឋ។
សម្ដេចតេជោនូវបានគៀគរ អ្នកវិនិយោគទុនមកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រ សហគ្រាស ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនីយើងមានការងារធ្វើ។ ទណ្ឌិត សម រង្ស៊ី បែរជាបំភ្លេចបំផ្លាញបងប្អូនប្រជាពលរដ្ឋកម្មករ-កម្មការិនីទៅវិញ ដោយការសុំឱ្យប្រទេសដទៃផ្ដាច់ជំនួយមកកម្ពុជា។ ការផ្តាច់ជំនួយនេះ អ្នកដែលស្លាប់មុនគេគឺបងប្អូននកម្មករ កម្មការិនីនេះហើយ ដែលនេះជាចំណុចបងប្អូនត្រូវគិតគូរពិចារណា។
គួរបញ្ជាក់ថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិតសមរង្ស៊ី របស់ បងប្អូនកម្មករកម្មការិនីនៅពេលនេះគឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ៕ ដោយ៖ សំអាត និង ពិសិដ្ឋ






