ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងតាមផ្លូវបេតុង ហើយត្រូវបានរថយន្តដឹកកម្មករមួយគ្រឿង បើកលឿនមិនប្រយត្ន័ បុកចំពីមុខយ៉ាងពេញទំហឹង លាន់ដូចរន្ទះ ប្រកាច់ស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវចាក់បេតុង ពីផ្សារព្រៃផ្តៅ ទៅបន្ទាយយោធា ទន្លេកន្ទិល ត្រង់ចំណុចភូមិ ព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីអ្នកឃើញហេតុការណ៍ បាននិយាយប្រាប់នគរបាលអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH.4242 អ្នកបើកបរមានឈ្មោះ វ៉ន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.8675 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅនោះទេ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូ បោកក្បាលបាក់កប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយបង្កហេតុ តែកុងរថយន្ដ បានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ ហើយចំពោះសពយុវជន ត្រូវបាននគរបាលប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះរថយន្តបង្កហេតុរងការខូចខាតកំរិតស្រាលនោះទេ ប៉ុន្តែម៉ូតូ០១គ្រឿងរបស់យុវជនរងគ្រោះ ខូចខាតកំរិតធ្ងន់ធ្ងរ។ វត្ថុតាងទាំងពីរគ្រឿង ត្រូវនគរបាលបានដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំសាច់ញាតិភាគីទាំងសងខាង ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយទៀត៕ អ៊ុ ណូន







