(ខេត្តពោធិ៍សាត់,ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១)៖ រដ្ឋបាលស្រុកវាលវែង នៅព្រឹកម៉ិញនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធនឹងការស្លាប់របស់លោកមេភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង គឺជាករណីខ្យល់គរពេលកំពុងធ្វើដំណើរតាមឡាន ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះឡើយ។
ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ មានករណីកើតហេតុស្លាប់មនុស្សម្នាក់ឈ្មោះ ហែម រឿន ភេទប្រុស អាយុ២៤ឆ្នាំ មានតួនាទីជាមេភូមិ មានទីលំនៅស្ថិតនៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ ករណីនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក បានទៅចូលរួមរំលែកទុក្ខគ្រសារសព និងបានសាកសួរអំពីប្រវត្តិស្ថានភាពជំងឺរបស់សពកន្លងមក ដោយគ្រួសារសពបានបញ្ជាក់ប្រាប់អាជ្ញាធរថា លោក ហែម រឿន កន្លងមកមានប្រវត្តិជំងឺលើសឈាម និងឧស្សាហ៍គាំងបេះដូង តែត្រូវបានកូនចៅនៅជិត ជួយសង្គ្រោះគាត់ទាន់ពេលវេលា។
អាជ្ញាធរឃុំក៏បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក ហែម រឿន បានជិះរថយន្តចេញទៅខេត្តពោធិ៍សាត់ ដើម្បីទៅបំភ្លឺតាមដីកាកោះអញ្ជើញរបស់សាលា ដំបូងខេត្តនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងម្យ៉ាងទៀតត្រូវយករថយន្តទៅធ្វើនៅទីរួមខេត្តពោធិ៍សាត់ដោយ ធ្វើដំណើរតែម្នាក់ឯង។
លុះធ្វើដំណើរមកដល់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានអាការៈមិនស្រួលហើយក៏បានឈប់រថយន្តអែបកៀនផ្លូវ ហើយក៏បានបាត់បង់ជីវិតនៅត្រង់ចំណុច កើតហេតុនេះតែម្តង។ អាជ្ញាធរមូលដ្ឋានសន្និដ្ឋានថាការស្លាប់របស់លោក ហែម រឿន ជាករណីខ្យល់គរ ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់ គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះ
ឡើយ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






