ភាពអាសន្នត្រូវបានប្រកាសនៅទីក្រុងញូវយ៉ក ខណៈព្យុះដ៏ខ្លាំងបាននាំមកនូវទឹកជំនន់ភ្លាមៗ។ ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវថ្នល់ និងផ្លូវហាយវ៉េជាច្រើនរបស់ទីក្រុងបានជន់លិច ខណៈដែលស្ថានីយយ៉ាងហោចណាស់មួយនៅអាកាសយានដ្ឋាន La Guardia (ឡា ហ្កាដៀ) បានបិទកាលពីថ្ងៃសុក្រ។
ក្រុមអ្នកព្យាករណ៍បាននិយាយថា ភ្លៀងធ្លាក់រហូតដល់ ៨ អ៊ីញ (២០cm) នៅក្នុងផ្នែកខ្លះនៃទីក្រុង។
លោក ស្រី Kathy Hochul (ខេតធី ហូឃុល) បាននិយាយនៅលើបណ្តាញ twitter ថា “ខ្ញុំកំពុងប្រកាសភាពអាសន្ននៅទូទាំងទីក្រុងញូវយ៉ក កោះឡុង និងជ្រលង Hudson (ហ៊ូដសុន) ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលយើងកំពុងឃើញមាននៅទូទាំងតំបន់”។ មិនមានការរាយការណ៍ថាមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរនោះទេ។
កាលពីល្ងាចថ្ងៃសុក្រ លោក Adams (អាដាមស៍) បានប្រាប់ CBS ដែលជាដៃគូរបស់ BBC នៅសហរដ្ឋ អាមេរិកថា មានការជួយសង្គ្រោះមនុស្សពីរថយន្តចំនួន ១៥នាក់ និងការជួយ សង្គ្រោះចំនួន ៣ នាក់ពីផ្ទះល្វែងជាន់ក្រោម៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






