អតីតកីឡាករប្រដាល់គុនខ្មែរកីឡាករយូស សំអាល់ ក្រោយចូលនិវត្តពីអាជីពប្រដាល់អស់មួយរយៈ ពេលនេះលេចមុខនៅមន្ទីរពេទ្យរុស្ស៊ីកំពុងសម្រាក់ព្យាលបាលជំងឺមហារីក។

អតីតអ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខមួយរូបនៅកម្ពុជា កីឡាករ យូស សំអាល់ បន្ទាប់ចូលនិវត្តពីអាជីពប្រដាល់គុនខ្មែរដោយសម្រេចចិត្តតាមប្រព័ន្ធទៅប្រកបរបររកស៊ីនៅស្រុកកំណើតខាងប្រព័ន្ធមួយរយៈកាលពីដើមឆ្នាំ២០១៨នោះ នាពេលបច្ចុប្បន្ននេះកំពុងតែសម្រាកព្យាបាលជំងឺមហារីកនៅក្នុងមន្ទីរពេទ្យរុស្ស៊ីដោយជម្ងឺកំពុងតែមានសភាពធ្ងន់ធរ។
ថ្លែងប្រាប់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅអាគារមហារីក អតីតកីឡាករគុនខ្មែរ យូស សំអាល់ថា រូបគេត្រូវបានជម្ងឺមហារីកវាយលុកចាប់តាំងពីដើមឆ្នាំ២០១៩មកម្លេះ ដោយពេលនោះរូបគេពុំបានដឹងថាខ្លួនបានកើតជំងឺមហារីកនោះទេ ពោលគឺនឹកស្មានថាត្រឹមជាមូសធម្មតាព្យាបាលដោយការលប់ថ្នាំងាយៗទៅបាត់ហើយ ។ប៉ុន្តែក្រោយពីលេបថ្នាំបាត់បានមួយរយៈស្រាប់តែវាឡើងមកវិញធ្វើទុកកាន់តែខ្លាំងទៅៗអស់រយៈពេលជាច្រើនខែមិនបានធូស្បើយនោះ ក្រុមគ្រួសារក៍សម្រេចបញ្ជូនមកកាន់មន្ទីរពេទ្យតែម្តង ហើយគ្រូពេទ្យបានប្រាប់ថានេះជាដុំសាច់កាចវិឌ្ឍទៅជាជំងឺមហារីក។

អតីតកីឡាករគុនខ្មែរធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរូបនេះ បានរៀបរាប់អោយដឹងទៀតថា ក្រោយពីខ្លួនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈនេះអាការៈហាក់ពុំធូស្បើយទាល់តែសោះ ឈាមសរនៅតែបន្តឡើងមិនអាចឲ្យគ្រូពេទ្យចាក់ថ្នាំគីមីសម្លាប់មេរោគមហារីកបាននៅឡើយនោះទេ។ ដោយគ្រូពេទ្យនៅតែបន្តព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។
អតីតអ្នកប្រដាល់វ័យ៣៣ឆ្នាំថា រូបគេពេលនេះកំពុងតែជួបបញ្ហាខ្វះខាត់ខ្លាំងណាស់ ដ្បិតភរិយាជាប់មើលថែខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាល់ថ្ងៃដោយពុំមានពេលទៅប្រកបរបររកស៊ីនោះទេ ។ដូច្នោះជីវិភាពក្រុមគ្រួសារគេកាន់តែធ្លាក់ដុនដាបខ្លាំងទៅទៀត ។
សូមបញ្ជាក់ថា អតីតកីឡាករ យូស សំអាល់ គឺជាអ្នកប្រដាល់ជួរមុខមួយនៅកម្ពុជា ដោយធ្លាប់គ្រងខ្សែក្រវ៉ាតចំនួន១ និងជាប់ជាជើងឯករងការប្រកួតប្រដាល់គុនខ្មែរថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៣ផងដែរ។លុះដល់ដើមឆ្នាំ២០១៨កីឡាកររូបនេះក៍សម្រេចចិត្តលាឈប់ពីអាជីពប្រដាល់គុនខ្មែរដោយសាតែកម្លាំងថមថយមិនអាចឡើងប្រកួតកើត ហើយបានទៅរស់នៅខាងប្រព័ន្ធ៕





