នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ហើយ ដោយចាប់ដំណើរការតាំងពីថ្ងៃទី២២ ខែកុម្ភៈមកម្លេះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។
ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ -១៩។
ជាក់ស្តែនៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covid គ្រប់គ្នា ជាមួយនិងការវាស់កំដៅ បាញ់ លាងដៃនិងអាកុលផងដែរ។
ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ ។
បច្ចេកវិទ្យាថ្មីនេះពិតជាមានសារៈសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការតាម ដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ហើយអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័កក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។
គួរបញ្ជាក់ថា ឯ.ឧជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយនិងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះបានបញ្ជាក់ហើយថា៖ បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួល ក្នុងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេក វិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព៕
ដោយះសំអាត និងពិសិដ្ឋ






