តមតាមការអញ្ជើញរបស់ ឯកឧត្តម Sonexay Siphandone ប្រធានអាស៊ានឆ្នាំ២០២៤ និងជានាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងព្រឹត្តិការណ៍អមមួយចំនួន នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាបើក នៅក្នុងវេទិកាវិនិយោគអាស៊ានឆ្នាំ២០២៤។
វេទិកានេះ សំដៅបង្កើតការយល់ដឹងអំពីអាស៊ាន ជាគោលដៅវិនិយោគដ៏ទាក់ទាញ និងបង្កើនឱកាសវិនិយោគ តាមរយៈការបង្កើតបណ្តាញជាមួយអ្នកវិនិយោគដ៏មានសក្តានុពល និងប្រទេសផ្សេងៗទៀត។
នៅក្នុងសម័យបើកវេទិកានេះ ក៏មានការដាក់ចេញផែនការសកម្មភាពជំរុញការវិនិយោគតំបន់អាស៊ានឆ្នាំ២០២៥-២០៣០ ដែលជាផែនការសកម្មភាពដ៏ស្វាហាប់ និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសសមាជិកអាស៊ាន សហការគ្នាក្នុងការជំរុញការវិនិយោគ នៅទូទាំងតំបន់៕






