អ៊ីស្រាអែល៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ទទួលយកនិស្សិតកម្ពុជាឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាននៅទូទាំងរដ្ឋអ៊ីស្រាអែល។
ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ច្បាស់ថា ភាពជោគជ័យរបស់ក្មួយៗ គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរ ធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេស ជាតិ និងជាពិសេសសម្រាប់កសាងជោគវាសនា និងអនាគតដ៏ភ្លឺស្វាងរបស់គ្រូសារ និងខ្លួនឯងផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនិស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ ដើម្បីនាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន សម្បូរសប្បាយ ពិសេសធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍។
សូមជម្រាបថា គិតមកដល់ឆ្នាំសិក្សា២០២១-២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១.៤៦៩នាក់រួចហើយ។ ក្រោយបញ្ចប់កម្មសិក្សាពីអ៊ីស្រាអែល និស្សិតមាននៅលើទីផ្សារការងាខ្ពស់ ហើយដើមទុនជាពុទ្ធិដ៏រឹងមាំនេះ បានធ្វើឲ្យនិស្សិតភាគច្រើន ទទួលបាទជោគជ័យក្នុងជីវិត តាមរយ:មានការងារក្នុងតំណែង និងតួនាទីល្អនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាន ទទួលបានប្រាក់បៀវត្សខ្ពស់ ក្លាយជាអ្នកជំនាញផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ក្លាយជាកសិ-ធុរកិច្ច សហគ្រិនវ័យក្មេងនាំមុខក្នុងប្រទេសទៀតផង៕