មន្ត្រីម្នាក់បាននិយាយថា យុទ្ធជនមកពីក្រុម អាល់សាបាប (al-Shabab) បានវាយលុកមូលដ្ឋានយោធាមួយ នៅកណ្តាលប្រទេសសូម៉ាលី ដែលរដ្ឋាភិបាលបានដណ្តើមមកវិញ ពីពួកគេកាលពីឆ្នាំមុន ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ប្រាំពីរនាក់ រួមទាំងមេបញ្ជាការមូលដ្ឋានផងដែរ។
ក្រុមអ្នកវាយប្រហារមកពីសាខាអាល់កៃដា បានវាយលុកមូលដ្ឋាននៅក្នុងភូមិ ហាវ៉ាដលីជាមួយនឹងការបំផ្ទុះរថយន្តអត្តឃាតកាលពីថ្ងៃអង្គារ។
បន្ទាប់ពីហេតុការណ៍នេះក្រុមអាល់សាបាប បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ក្រុមនេះបានសម្លាប់ទាហានដែលក្បត់ នឹងមេបញ្ជាការរបស់ពួកគេផងដែរ។
មូលដ្ឋានដែលកើតហេតុនេះស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី ម៉ូហ្គាឌីស៊ូ (Mogadishu) និងត្រូវបានដណ្តើមពីការគ្រប់គ្រងរបស់ អាល់សាបាបនៅក្នុងខែតុលា ដោយកងកម្លាំងរដ្ឋាភិបាល និងកងជីវពលត្រកូលសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថាប្រតិបត្តិការនេះគឺជាផ្នែកមួយ នៃការវាយលុករបស់រដ្ឋាភិបាលយ៉ាងទូលំទូលាយ ដែលបានចាប់ផ្តើមនៅក្នុងខែសីហា និងទទួលបានផលចំណេញយ៉ាងច្រើន។
កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលបានប្រកាសថា ខ្លួនបានដណ្តើមយក ហារ៉ាដហៀ ដែលជាបន្ទាយដ៏រឹងមាំរបស់អាល់សាបាប នៅលើឆ្នេរមហាសមុទ្រឥណ្ឌាដែលខ្លួនបានកាន់កាប់អស់រយៈពេលមួយទសវត្សរ៍៕
ប្រែសម្រួលដោយ ប៊ុន សុភាព






