រដ្ឋាភិបាលទីម័រឡេស្ត នៅថ្ងៃទី១១ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ សម្តែងភាពរីករាយចំពោះការសម្រេ ចជា គោលការណ៍របស់មេដឹកនាំអាស៊ាន ក្នុងការ អនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ាន ទី១១ ហើយប្តេជ្ញាអនុវត្ត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ ឆាប់ៗនេះ។ រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ដេរ ដែលបានប្រកាសទទួលយកទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។
សេចក្តីថ្លែងការណ៍របស់ទីម័រ ឲ្យដឹងថា «យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការ ត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅ សម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិត ទាំងបីរបស់អាស៊ាន»។
រដ្ឋាភិបាលទីម័រក៏ បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀម លក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័តនូវផែនទី ចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
រដ្ឋាភិបាលទីម័រឡេស្តេ សូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ ការគាំទ្រឥតងាក ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការ ផ្តល់ជំនួយកសាងសមត្ថភាពនានា៕






