ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា កម្ពុជានៅតែប្រឈមនិងការប៉ុនប៉ងបង្កអស្ដេរភាពសង្គម តាមរយៈការបំផុសបំផុលធ្វើបដិវត្តន៍ពណ៌បង្កអសន្តិសុខដល់សង្គម ពីក្រុមប្រឆាំងក្នុងគោលដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងគោកធ្វើឡើងនៅក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរៈសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់ ១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្វធ្វើឡើងនៅ ទីបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៩ កញ្ញានេះ។

ឯកឧត្តម បានលើកឡើងថា សភាពការសន្តិសុខជាតិ ទាំងក្នុងពេលកន្លងទៅ ក៍ដូចជាបន្តទៅមុខទៀត នៅតែប្រឈមនឹងការប៉ុនប៉ងបង្កអស្ថេរភាពក្នុងគោលដៅ ឈានទៅដល់ការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្ដើមអំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបំផុសបំផុលញុះញ៉ង បង្កចលាចល វឹកវរ និងបង្កអសន្តិសុខក្នុងសង្គមពីក្រុមប្រឆាំង។
ប៉ុន្តែរាល់ការប៉ុនប៉ងទាំងអស់ ត្រូវបរាជ័យ ដោយសារ រាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធមានការប្រុងប្រយ័ត្ន និងម្ចាស់ការលើភារកិច្ចក្នុងការថែរក្សា សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បាននូវរាល់ផែន ការទុច្ចរិតទាំងឡាយ មិនអនុញ្ញាតិឲ្យក្រុមណា បក្សណាឬជនណាមួយ អាចបង្ករគ្រោះមហន្តរាយដល់សង្គមជាតិបានឡើយ។

ឯ.ឧមានប្រសាសន៍ទៀតថាគោលដៅរបស់ពួកគេ ការ រៀបចំផែនការ វាយពីខាងក្រៅ ដើម្បីបង្កើនការដាក់សម្ពាធពីបរទេសមកលើរាជរដ្ឋាភិបាលនិងមួយផ្នែកវាយពីខាងក្នុងតាមយុទ្ធសាស្ត្រច្រេះស៊ីដែក ដើម្បីវាយបំបាក់ខែលការពាជាតិគឺកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងស្នូលដ៍សំខាន់នៃការថែរក្សាសន្តិភាព ឯករាជភាព និងបូរណភាពទឹកដី ។

ជាមួយគ្នានេះឯកឧត្តមបានស្នើឲ្យកងកម្លាំងទាំងអស់យក ចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវធានាអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិ របស់អគ្គបញ្ជាក្នុងការការពារឲ្យ បានដាច់ខាតនូវសុខសន្តិភាពស្ថេរភាពឯករាជ្យអធិប តេយ្យនិងបូរណភាពទឹកដីនិងការអភិវឌ្ឍរបស់សង្គមជាតិ៕






