សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ ២០២៣នេះ។ ការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅស្រុកសំរោងទង នៃខេត្តកំ ពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី ហើយការរាល់ការប្រលងនៅតាមក្រសួងស្ថាប័ននីមួយៗ ចាំបាច់ណាស់ត្រូវ តែប្រលងឲ្យបានតឹងរ៉ឹង គឺដូចប្រលងបាក់ឌុបដូច្នោះដែរ គឺអ្នកចេះបានជាប់។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាផ្អាកបណ្តោះអាសន្នការប្រលងជ្រើសរើសមន្ត្រី នៅតាមក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២៣សិន ដើម្បីរាជរដ្ឋាភិបាលរៀបចំឲ្យបានត្រឹមត្រូវ និងព្រមគ្នាជាមួយក្រសួងស្ថាប័ននានា សម្រាប់ឆ្នាំក្រោយ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់មន្ត្រីក្រសួងទាំងអស់យកមន្ត្រីហាត់ការ មកប្រើប្រាស់ តែធានាតម្លាភាព ភាពត្រឹមត្រូវ និងសមត្ថភាពក្នុងការជ្រើសរើសផងដែរ៕






