បេសកជនអង្គការសហប្រជាជាតិមួយរូបកាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើភាពបន្ទាន់សម្រាប់មេដឹកនាំលីប៊ី ក្នុងការផ្តល់អាទិភាពដល់តម្រូវការរបស់ប្រទេស លើមហិច្ឆតាផ្ទាល់ខ្លួនចំពេលមានការប្រឈមមុខផ្នែកនយោបាយ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក អាប់ឌួលឡាយេ បាតធីលី Abdoulaye Bathily បានសម្តែងការខកចិត្តចំពោះភាពជាប់គាំងនយោបាយ ដែលកំពុងបន្តនៅក្នុងប្រទេសលីប៊ី ដែលជា”ការតស៊ូរឹងរូស ជាមួយការរំពឹងទុកមិនសមហេតុផល និងការព្រងើយកន្តើយ” ។
លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅរកដំណោះស្រាយនយោបាយតាមរយៈការសន្ទនា និងការ សម្របសម្រួលដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការមិនអនុញ្ញាតឱ្យ “សេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតលីប៊ីដែលបានចុះឈ្មោះចំនួន២.៨លាននាក់ ត្រូវបានគ្របដណ្ដប់ដោយផល ប្រយោជន៍តូចចង្អៀតរបស់អ្នកមួយចំនួន”។ លោក Bathily ក៏បានបំភ្លឺផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ដែលកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសលីប៊ី ដោយបានព្រមានអំពីវិបត្តិសាច់ប្រាក់ ដែលនឹងបង្កអស្ថិរភាពសេដ្ឋកិច្ច។ ទិដ្ឋភាពសន្តិសុខក្នុងប្រទេសលីប៊ី នៅតែមិនច្បាស់លាស់ ដោយមានការព្រួយបារម្ភជាបន្តអំពីវត្តមានដ៏ច្រើននៃតួអង្គប្រដាប់អាវុធនៅក្នុងទីក្រុងសំខាន់ៗ ដែលបង្កហានិភ័យយ៉ាងសំខាន់ដល់ជនស៊ីវិល៕
ប្រែសម្រួលដោយ. ម៉ុក ម៉ានិច