អភិបាលក្រុង នីប្រី (Dnipro) បានព្រមានថា ប្រហែល ជាមិនមានអ្នកនៅរស់រានមានជីវិតទៀតទេ បន្ទាប់ពីការវាយ ប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍លើអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុងភាគខាងកើតអ៊ុយក្រែន។
មន្ត្រីក្រុងបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៣០នាក់ ខណៈដែលមនុស្ស ៤៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
យ៉ាងណាមិញ ទីក្រុង គៀវ, ខាគីវ (Kharkiv )និង អូដេសា (Odesa) ក៏រងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហារដែលទីក្រុងមូស្គូ បាននិយាយថាមានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់ប្រទេសអ៊ុយក្រែន។
ការវាយប្រហារដ៏បំផ្លិចបំផ្លាញនៅទីក្រុង នីប្រូ (Dnipro) បានវាយប្រហារទៅលើច្រកចូលនៃអគារប្រាំបួនជាន់ ដោយបានប្រែ ក្លាយទីនោះជាទៅជាកម្ទេចថ្មឆេះ។
នាយករដ្ឋមន្ត្រីប៉ូឡូញ បានហៅការវាយប្រហារដោយមីស៊ីលនេះថា ជាទង្វើអមនុស្សធម៌” ដោយបន្ថែមថា “រុស្ស៊ីមានចេតនាបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិល”។
ទោះជាយ៉ាងណាប្រធានអង្គការណាតូបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនអាចរំពឹងថានឹងមានការដឹកជញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិច។
ជាការឆ្លើយតប ទីក្រុងមូស្គូបាននិយាយថា ការផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែននឹងនាំឱ្យប្រតិបត្តិការរុស្ស៊ីកាន់តែខ្លាំងក្លា និងការស្លាប់ជនស៊ីវិលកាន់តែច្រើនមក៕
ប្រែសម្រួលដោយ: ជ ង៉ា






