BBC៖ យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន៣៤ នាក់ បានស្លាប់ បន្ទាប់ពីទូក កំពុងធ្វើដំណើរបានលិច នៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។ ក្រសួងសុខាភិបាល បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន២០នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុង។ ក្រុមមន្ត្រីបាននិយាយថា ទូកនេះបានដឹកមនុស្សពី១២០ ទៅ១៥០ នាក់ពីមីនយេស (Minyeh) នៅជិតទីក្រុងកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។ លីបង់មានជនភៀសខ្លួនពីប្រទេសស៊ីរីប្រមាណ ១,៥ លាននាក់ និងជិត១៤,០០០ នាក់មកពីប្រទេសផ្សេងទៀត នេះបើយោងតាម UNHCR។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះកំពុងប្រឈម មុខ នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយ Covid- 19 និងការផ្ទុះកំពង់ផែ ប៊ីរ៉ូត ឆ្នាំ២០២០ ដោយប្រជាជនជាង ៨០% ជួបការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។ ស្ថានភាពនេះកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចំណាកស្រុករបស់ប្រទេសនេះ ដែលមនុស្សជាច្រើនកំពុងជ្រើសរើសភៀសខ្លួនទៅកន្លែងផ្សេង រួមទាំងទៅកាន់អឺរ៉ុបផងដែរ៕
ប្រែសម្រួលដោយ : ជ ង៉ា






