ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងសាន់ត្យាហ្គោ ដែលក្នុងនោះរួមមាន សមាសភាពពីប្រទេសសមាជិកអាស៊ានចំនួន ៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមនៅល្ងាចថ្ងៃពុធ ទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអំពីការវិវត្តន៍សំខាន់ៗនៅក្នុងអាស៊ាន ព្រមទាំងវឌ្ឍនភាពនៃទំនាក់ ទំនង និងទិសដៅអនាគតអាស៊ាន-ស៊ីលី។ ឯកឧត្តមអគ្គលេខាធិ ការអាស៊ាន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសាន់ត្យាហ្គោ សម្រាប់តួនាទីដ៏មានសារៈសំខាន់របស់គណៈកម្មាធិការនេះ ក្នុងការលើកកម្ពស់មុខមាត់ និងការយល់ដឹងអំពីអាស៊ាននៅក្នុងទីក្រុងសាន់ត្យាហ្គោ ក៏ដូចជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-ស៊ីលី ក្នុងវិស័យដែលអាចធ្វើទៅបានជាច្រើន ដែលមានប្រយោជន៍ទៅវិញទៅមក ហើយនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃតំបន់ទាំងពីរ។






