បន្ទាប់ពីបានចូលរួមធ្វើលំហាត់សមយុទ្ធយោធា ជាមួយនឹងកងយោធពលខេមរភូមិន្ទ កងទ័ពរំដោះប្រជាជនចិន ចំនួន២៦៥នាក់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសានេះ តាមជើងយន្តហោះពិសេស នៃកងទ័ពអាកាសរំដោះប្រជាជនចិន។
លំហាត់សមយុទ្ធយោធា នៃប្រទេសទាំងពីរ បានរៀបចំធ្វើឡើងនៅរៀងរាល់ ១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ខ ភ ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធ៌ម ការជួយសង្គ្រោះគ្រោះមហន្នរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្រមតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថាៈ ( សមយុទ្ធនាគមាស២០២០ ) លើប្រធានបទៈ ( រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម ) បានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធរបស់ខ្លួន ប្រកបដោយលទ្ធផលជោគជ័យ នៅលើទីលានបាញ់គ្រាប់ពិត តេជោ សែន ជុំគិរី នៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រ តំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០។
លំហាត់នេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការនៃ ខ ភ ម នឹងឯកឧត្តម វ៉ាង វិន ធៀន ( WANG WEN TIAN ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នឹងធ្វើជាសក្ខីភាព ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា៖ សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។
អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌» ៕