ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានប្រើវិធានការតាមផ្លូវច្បាប់ ទៅលើម្ចាស់អាខោនហ្វេសប៊ុក ឬអ្នកប្រើប្រាស់បណ្តាញព័ត៌មានទំនាក់ទំនងសង្គមទាំងឡាយណា ដែលយករឿងរ៉ាវរបស់ព្រះសង្ឃ មកបង្ហោះបែបអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។ បើតាមគណៈសង្ឃនាយកកម្ពុជា រឿងរ៉ាវទាំងឡាយដែលសង្ឃធ្វើខុសវិន័យ ត្រូវបានមន្ត្រីសង្ឃដោះស្រាយ ចប់សព្វគ្រប់ហើយ ដូច្នេះមិនគួរយកមកបង្ហោះតទៅទៀតទេ។
ដើម្បីរក្សាបាននូវតម្លៃនៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវដល់ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Piseth Kanha ឬអ្នកប្រើប្រាស់បណ្តាញព័ត៌មានទំនាក់ទំនងសង្គមទាំងអស់ ត្រូវឈប់បន្តយកឃ្លឹមវីដេអូផ្សេងៗ ដែលមន្ត្រីសង្ឃ បានដោះស្រាយចប់សព្វគ្រប់ យកមកបង្ហោះជាសាធារណៈ ព្រោះអាចធ្វើឱ្យមានការយល់ច្រឡំដល់មតិសាធារណៈជន និង បណ្តាលឱ្យជះឥទ្ធិពលអាក្រក់ មកលើព្រះភិក្ខុសង្ឃជាអ្នកបដិបត្តិបានល្អ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលវិទ្យុវាយោទទួលបាននៅថ្ងៃនេះ បានគូសបញ្ជាក់ថា រឿងរ៉ាវទាំងឡាយដែលសង្ឃធ្វើខុសវិន័យ ត្រូវបានមន្ត្រីសង្ឃដោះស្រាយ ចប់សព្វគ្រប់ហើយ ដូច្នេះប្រសិនបើ ម្ចាស់អាខោនហ្វេសប៊ុក ឬអ្នកប្រើប្រាស់បណ្តាញព័ត៌មានទំនាក់ទំនងសង្គម នៅតែយកមកបង្ហោះ បែបអនាធិបតេយ្យតទៅទៀត គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។
ការព្រមានរបស់គណៈសង្ឃនាយកកម្ពុជានេះ ធ្វើឡើងក្រោយពីអាខោនហ្វេសប៊ុកឈ្មោះ Piseth Kanha បានបង្ហោះវីដេអូឃ្លីបស្តីពី សកម្មភាពរបស់អតីតសង្ឃម្នាក់ឈ្មោះ សាង សុភាព បានសូត្រធម៌ប្រោះព្រំប៉ះពាល់កាយស្ត្រីភេទ ដែលជាជនជាតិចិន។ ករណីនេះ បានកើតមានឡើងនៅខេត្តសៀមរាប តាំងពីឆ្នាំ២០១៦មកម្លេះ ហើយរឿងរ៉ាវនេះសាមីខ្លួនបានស្ម័ត្រចិត្តលាចាកសិក្ខាបទ តាមធម៌វិន័យព្រះពុទ្ធសាសនារួមហើយ នេះបើតាម គណៈសង្ឃកម្ពុជា។
គួរកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ ព្រះសង្ឃក្នុងព្រះពុទ្ធសាសនារងការរិះគន់ពីសាធារណៈជនមួយចំនួន ជុំវិញការគោរពតាមធម៌វិន័យរបស់ព្រះពុទ្ធ បន្ទាប់ពីមានព្រះសង្ឃ និង មន្ត្រីសង្ឃខ្លះ បានទៅទាក់ទងជាមួយស្ត្រី រហូតមានជាប់នៅ ទោសទណ្ឌ និង ត្រូវចាប់ផ្សឹកជាដើម។
ជាក់ស្តែងថ្មីៗនេះ ព្រះចៅអធិការវត្តភ្នំបាក់លើ នៅខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់ដឹកនាំសង្ឃ និងមន្ត្រីធម្មការខេត្តបន្ទាយមានជ័យ សម្រេចចាប់ផ្សិកភ្លាមៗ ក្រោយពីលេចធ្លាយវិដេអូឃ្លីប ដោយអតីតសង្ឃអង្គនេះ បានប្រលែងលេងជា មួយស្រីស្នេហ៍ហើយ ត្រូវបានយកមកបង្ហោះនៅលើបណ្តាញទំនាក់ទំនង ធ្វើឱ្យមានប្រតិកម្មពីសាធារណៈជាខ្លាំង។ តែយ៉ាងណា គណៈសង្ឃនាយកកម្ពុជា សង្ឃឹមថា អ្នកប្រើប្រាស់បណ្តាញព័ត៌មានទំនាក់ទំនងសង្គមទាំងអស់គួរតែមានសម្បជញ្ជៈ និងឧត្តមគតិខ្ពស់ចំពោះប្រយោជន៍ជាតិ និងព្រះពុទ្ធសាសនា៕
ប្រភពរូបភាពពីផេក I Telling










