យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅសាលារៀនមួយ ដែលជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួន Jabalia។
សាក្សីបានរាយ ការណ៍ថា កងទ័ពបានណែនាំដល់ជនភៀស ខ្លួននៅក្នុងសាលា ឱ្យប្រមូលផ្តុំគ្នាដើម្បីជម្លៀសខ្លួន មុនពេលកំណត់គោលដៅសាលារៀនដោយកាំភ្លើងធំជាច្រើនគ្រាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានលើកឡើងថា ការជម្លៀសប្រជាជនចេញពីទីក្រុង Jabalia កំពុងបន្ត ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់។
យោងតាមលោក Adraee កងពលលេខ ១៦២ បានបន្ត សកម្មភាពរបស់ខ្លួននៅ Jabalia ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ និងបានរកឃើញអាវុធជាច្រើន។
កងទ័ពអ៊ីស្រាអែលបាននិងកំពុងធ្វើប្រតិបត្តិការជើងគោកនៅក្នុងជំរុំ Jabalia ដែលជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតមួយនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីដើមខែតុលា ដោយអះអាងថាប្រតិបត្តិការនេះមានគោលបំណងរារាំងក្រុមយុទ្ធជនហាម៉ាស់ពីការរៀបចំឡើងវិញដើម្បីបើកការវាយប្រហារបន្ថែមទៀត៕






