ខេត្តកំពង់ស្ពឺ ៖ កម្មករកម្មារិនីរោងចក្រផលិតកាបូប យីហោ VENTURA បានដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងមូលហេតុនៅឡើយទេ ដែលនេះជាលើកទី០២ហើយ ដែលក្រុមក្រុមកម្មករកម្មារិនីរោងចក្រខាងលើ ដួលសន្លប់នោះ ហើយឥឡូវក្រុមកម្មករទាំងអស់នោះត្រូវបានខាងក្រុមហ៊ុន ដឹកតាមរថយន្តយកទៅអោយក្រុមគ្រូពេទ្យ កំពុងធ្វើសង្គ្រោះបន្ទាន់ ដោយអ្នកខ្លះមានអាការៈថប់ដង្ហើមខ្លាំង ដែលហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រផលិតកាបូប យីហោ VENTURA នៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បានស្រង់សម្តីក្រុមកម្មករ-កម្មារិនី ទៅធ្វើការងារក្នុងរោងចក្រខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករទាំងអស់កំពុងតែបំពេញការងារ ស្រាប់តែមានអាការៈទន់ដៃ ទន់ជើង និងធុំក្លិនអ្វីម្យ៉ាងដូចថ្នាំ បន្ទាប់មកក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ។ ក្រោយមកក៏មានការភ្ញាក់ផ្អើល ត្រូវបានខាងក្រុមហ៊ុនដឹកបញ្ជូនទៅសង្ក្រោះបន្ទាន់ នៅមន្ទីរសំរាកព្យាបាលមួយកន្លែង នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកដល់រសៀលនេះ អ្នកខ្លះបានធូរស្បើយខ្លះហើយ ត្រឡប់ទៅផ្ទះវិញ។
គួររំលឹកផងដែរថា ការដួលសន្លប់របស់ក្រុមកម្មករកម្មារិនីរោងចក្រខាងលើនេះ ជាលើកទី០២ហើយ ដែលលើកទី០១នោះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ មានករណីកម្មករក្នុងរោងចក្រខាងលើជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែពុលក្លិនថ្នាំ ហើយក៏បានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាផងដែរ។
ក្រុមកម្មករកម្មារិនីនៅក្នុងរោងចក្រទាំងអស់ ក៏បានសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញមេត្តាជួយរកមូលហេតុពិតប្រាកដ នៃការដួលសន្លប់របស់ក្រុមកម្មករនេះផង ដើម្បីជៀសវាងកើតមានឡើងលើកក្រោយទៀតនោះ។ ហើយអ្នកខ្លះក៏ចោទការសង្ស័យថាមកពីពុលថ្នាំ អ្នកខ្លះទៀតសង្ស័យក្រុមកម្មករកម្មារិនីហូបមិនគ្រប់គ្រាន់ បណ្តាលអោយកម្លាំងចុះថមថយ ហើយទន់ដៃជើងក៏អាថាបាន ប៉ុន្តែបញ្ហាពិតប្រាកដមិនទាន់បានបង្ហាញនៅឡើយទេ៕ អ៊ុ ណូន








