(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០)៖ ជាងជួសជុលរថយន្តម្នាក់ ឆ្លង ចរន្តអគ្គីសនីតភ្ជាប់សាកអាគុយលើរថយន្ត បណ្តាលឲ្យឆក់ស្លាប់ខណៈពេល កំពុងជួសជុលរថយន្ត ។ហេតុការណ៍គ្រោះថ្នាក់ដោយចៃដន្យនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តី៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា ជនរងគ្រោះជាជាងជួសជុលរថយន្ត ឈ្មោះ ឃុត ចាន់បូរ៉ា(រ៉ា)ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុលរថយន្តទៅធ្វើរថយន្តរបស់ខ្លួននៅនឹងផ្ទះ ពេលនោះអាគុយរថយន្តកំពុងតខ្សែភ្លើងចូលអាំងវែទ័រដើម្បីសាកអាគុយនៅលើរថយន្តចំនួន២គ្រឿង ។
ជាងជួសជុលនិងម្ចាស់រថយន្ត បានចូលទៅក្រោមរថយន្តទាំង២នាក់ ដើម្បីចាប់ដាក់គ្រឿងបន្លាស់រថយន្ត នៅពេលកំពុងចាប់គ្រឿងបន្លាស់ចូលនោះ ស្រាប់តែចរន្តអគ្គីសនីឆ្លងឆក់ជនរងគ្រោះឈ្មោះឃុត ចាន់រ៉ា ។ក្រោយពីឆក់នោះម្ចាស់រថយន្តបានព្យាយាមដឹកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុលសជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា នៅកន្លែងកើតហេតុ ពិនិត្យឃើញមានមានខ្សែភ្លើងតភ្ជាប់អាំងវែទ័រទៅសាកអាគុយ ចំនួន២គ្រឿងជាប់នឹងរថយន្ត។តាមការត្រួតពិនិត្យលើដងខ្លួនជនរងគ្រោះពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះទេ ។
ការស្លាប់នេះសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តសាកអាគុយទៅតួរថយន្ត ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






