(ខេត្តបាត់ដំបង,ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)៖កម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួន ជនជាតិខ្មែរចំនួន៣នាក់នៅលើទឹកដីប្រទេសថៃទល់មុខនឹងស្រុកសំឡូត ខេត្ត បាត់ដំបង នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយ អារជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីប្រទេសកម្ពុជា ។
យោងតាមប្រភពពីប្រទេសថៃក្នុងការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១២,៣០នាទី ថ្ងៃត្រង់ដោយកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់កំពុងធ្វើសកម្មភាព លីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនបានតែ ម្តង។យោងតាមរបាយការណ៍ថៃបានបញ្ជាក់ថា៖ពលរដ្ឋខ្មែរទាំងនោះមានឈ្មោះ
១/-សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ,
២/- ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ,
៣/- ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។
ពួកគេទាំង០៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
បច្ចុប្បន្នជនជាតិខ្មែរទាំង០៣នាក់ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថាគេកំពុងរង់ចាំមើលខាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភាគីថៃដើម្បីចរចានិងសម្របសម្រួលសុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញ នាព្រឹកថ្ងៃទី០៤នេះ ៕
ដោយ៖សហការី(កែសម្រួលដោយ មណ្ឌលកែវ)






