(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០)៖៖ ឈើដុលចំនួន១៤ កំណាត់ត្រូវបានកម្លាំងជំនាញបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះធ្វើការបង្ក្រាបប្រមូល បានជាបន្តបន្ទាប់ ខណៈដែលក្រុុមអ្នកដឹកឈើ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើការចូលទៅលួចកាប់បំផ្លាញដឹកជញ្ជូនចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ ប្រុងដឹកទៅលក់បន្តតាមរោងម៉ាស៊ីនក្នុងខេត្តកំពង់ស្ពឺ។
ការចុះបង្ក្រាបនិងប្រមូលឈេីដុលខាងលើបានធ្វើឡើងនៅរសៀលល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះនៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការចុះរុករកឃើញជាបន្តបន្ទាប់ របស់ខាងមន្ត្រីជំនាញឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
តាមការអោយដឹងពីមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថាឈើដុលដែលត្រូវបានរុករកឃើញបានខាងលើមានចំនួន១៤ កំណាត់ ជាប្រភេទឈើ ចំរុះ ដែលមានមុខកាត់៣០ ទៅដល់ ៥០ដេស៊ីម៉ែត្រនឹងមានប្រវែង ៣ ម៉ែត្រកន្លះផងដែរ។
បច្ចុប្បនឈើខាងលើត្រូវបានខាងមន្ត្រីជំនាញបរិស្ថានស្រុកឱរ៉ាល់យើងកំពុងធ្វើការលើកយកមករក្សាទុកនៅស្នាក់ការរងតេទឹកពុះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕





