ប៉ោយប៉ែត ៖ មន្ត្រីជម្នាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ចាប់បានសាច់មាន់ ០១រទេះ នៅល្ងាចថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ នេះនៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បីដុត កំទេចចោល ដែលក្រុមឈ្មួញជួលកម្មករអូសពីទឹកដីថៃចូលមកកម្ពុជា។
ក្រុមកម្មករច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបង្ហើបថា តាំងពីលោក សាន វិជ្ជាសារ៉ាវុធ ឡើងកាន់ជាប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ ជំនួស លោក ស៊ាន ស៊ីណាត ដែលត្រូវថ្នាក់លើធ្វើការផ្លាស់ប្តូរទៅកន្លែងផ្សេង គេឃើញសាច់ មាន់ចម្រុះ និងពោះជ្រូក ពិសេសប្រហិត ត្រូវឈ្មួញដឹកចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិ មួយថ្ងៃៗរាប់សិបរទេះដែក និង រទេះឈើ មិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់បង្ក្រាបឡើយ ហាក់បីដូច ជាក្រុមឈ្មួញបង់ប្រាក់ប្រចាំខែ ខណៈសុខភាពពលរដ្ឋបច្ចុប្បន្នទាំងអ្នកមាន អ្នកក្រ រត់រកពេទ្យក្នុង និងក្រៅប្រទេស រាល់ថ្ងៃ ដោយសារបញ្ហាសុខភាពទទួលទានបន្លែត្រីសាច់នាំចូលពីប្រទេសជិតខាង សង្ស័យមកពីការធ្វេសប្រហេស របស់មន្ត្តី។
ប្រភពពីអ្នកចេញចូលផ្សាររុងក្លៃ ស្រុកអារញ្ញ ទឹកដីថៃ ខ្សឹបដាក់ត្រចៀកថារាល់ថ្ងៃ សាច់មាន់ ប្រហិត និងពោះជ្រូកឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតច្រើនណាស់ ហើយថាការវេចខ្ចប់ដឹកចេញមានគ្រប់រូបភាព ខណៈមន្ត្រីជំនាញ មិនដែល ខ្វល់និងពិនិត្យមើលរទេះដឹកទំនិញចូលពីថៃផងនោះបណ្ដោយឲ្យកូនចៅរបស់ចាំកត់ក្បាលរទេះបង់ប្រាក់ប្រចាំខែ។
មន្ត្រីកាំកុងត្រូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហាក់ស្ងាត់ស្ងៀម សង្ស័យឲ្យកូនចៅរាប់តែចំនួនជើងរទេះ គិតតែប្រាក់ទេ មើលទៅ។
ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សានវិជ្ជា សារ៉ាវុធ ធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថា រដ្ឋមន្ត្រី ក្រសួង កសិកម្ម មិនបានហាមឃាត់ពីការនាំចូលសាច់សត្វ ពីប្រទេសជិតខាងទេ ពោលគឺមានទាំងច្បាប់អនុញ្ញាតិឲ្យដឹកថែមទៀត ដោយសារម្ហូបអាហារលើទីផ្សារផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ។ លោក ថាលើកលែងតែសាច់ទាំងនោះមិនបានវេចខ្ចប់ ត្រឹមត្រូវ ឬគ្មានការក្លាស្សេទឹកកកតាមស្តង់ដាបើឃើញគឺចាប់ហើយ។
ប្រភពបង្ហើបថា ដោយសង្ស័យសំអាងលើហេតុផលនេះហើយ បានជាមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទាំងមេ ទាំងកូន ពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិះសេះលែងដៃ។
ជំវិញករណីខាងលើនេះ លោក សានវិជ្ជា សារ៉ាវុធ មិនទាន់មានការបកស្រាយឡើយព្រោះទូរសព្ទ័ចូលមិនទទួល។ វណ្ណា







