លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ លោក ស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានបានគូសបញ្ជាក់ថា ជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លង មកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខ ខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជា ច្រើននៅក្នុង ពេលអតីត កាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ អនុសាសន៍ដែលអង្គការ ICRC តែងតែ បានផ្ដល់ជូនមក គឺជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យពន្ធនាគារនៅកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមានដំណោះ ស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌឃុំខ្លួនរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ រួមមាន ការថែរក្សាសុខមាលភាពរបស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនងរបស់ជនជាប់ឃុំជាមួយក្រុមគ្រួសារ។
លោកស្រី Dena Fisher បានបន្តថា បើទោះបីជាបេសកកម្មរបស់អង្គការ ICRC នៅកម្ពុជា នឹងមានការកាត់បន្ថយមួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែអង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យពន្ធនាគារ និងការស្ដារទំនាក់ ទំនងរវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយ មានកិច្ចសហការពីកាកបាទក្រហមកម្ពុជាផងដែរ។
ឈរលេីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រមាណ ៣០ ឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពជា និងគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Dena Fisher បានឯកភាពបន្តការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូដ៏រឹងមាំនេះ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការដែលបានធ្វើក្នុងពេលកន្លងមក៕






