កសិដ្ឋានវារីវប្បកម្មអន្ទង់ លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងទទួលបានជោគជ័យ។
កសិដ្ឋាននេះ បានចិញ្ចឹមអន្ទង់រយៈពេល១០ ឆ្នាំមកហើយ ដែលកសិដ្ឋានគាត់ មានអាងចំនួន៣៥អាង ចែកចេញអាងអន្ទង់បំប៉ន យកសាច់ចំនួន២៥អាង និងអាងថែទាំកូនពូជចំនួន១០អាង។
នៅក្នុងអាងនីមួយៗ ដាក់កូនពូជចិញ្ចឹមចំនួន១៥០គីឡូក្រាម ស្មើនឹង១៥០០ ក្បាល- ២០០០ក្បាល/អាង ដែលកូនពូជបានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយះពេល ៦-៧ ខែទើបអាចលក់បាន។ ម្យ៉ាងនៅពេលដែលតម្រូវការទីផ្សារមានតម្លៃខ្ពស់ កសិដ្ឋានអាចលក់បន្តិចម្តងៗ តាមការបញ្ជាទិញរបស់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក។
ចំពោះលទ្ធផលនៃការប្រមូលផលក្នុងការចិញ្ចឹមអន្ទង់ គឺមួយឆ្នាំលក់បានប្រមាណ៥តោន។ លោក ថូ វណ្ណា បាន ចែករំលែកបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដ៏ទៃទៀតដែលមានបំណងចង់ចិញ្ចឹមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម។
ឆ្លងតាមបទពិសោធន៍ការចិញ្ចឹមអន្ទង់នេះកន្លងមក កសិដ្ឋា នរបស់គាត់បានបន្តចិញ្ចឹមរហូតមកជាមួយនឹងការទទួលបានជោគជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្ម ៕
ប្រភពពីក្រសួងកសិកម្ម
សំ វណ្ណា






