ក្រសួងបរិស្ថាន បានផ្តល់មេពូជក្របី ដល់ប្រជាសហគមន៏ការពារធនធានធម្មជាតិប្រឡាយ ក្នុងស្រុកសន្ទុក ខេត្តកំពង់ ធំ សំដៅបង្កើតរបរថ្មីដល់ប្រជាពលរដ្ឋ ជំរុញកាត់បន្ថយការដាក់សម្ពាធទៅលើធនធានធម្មជាតិ និងការអភិរក្ស សត្វខ្សឹប ដែលជាសត្វកម្រលើពិភពលោក។ ការផ្តល់មេពូជក្របី ដល់ប្រជាសហគមន៏ប្រឡាយ ក្នុងស្រុងស្ទោង បានជួយបង្កើនប្រសិទ្ធភាពនៃការអភិរក្សសត្វខ្សឹប ដែលជាសត្វកម្រ។
ការផ្តល់មេពូជក្របី ដល់សហគមន៏ការពារធនធានធម្មជាតិ គឺជាផ្នែកមួយ នៃការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន របស់ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការចូលព្រៃកាប់ឈើ ដាក់អន្ទាក់ បរបាញ់សត្វ ដើម្បីថែរក្សាធនធានធម្មជាតិដែលនៅសេស សល់។ ក្នុងឱកាស ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ទៅខេត្តកំពង់ធំកាលពីចុងសប្តាហ៏កន្លងទៅ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បាន មានប្រសាសន៏ថា សហគមន៏ការពារធនធានធម្មជាតិ គឺជាដៃគូយ៉ាងសំខាន់របស់ក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធន ធម្មជាតិ ព្រោះពួកគាត់ ប្រៀបបាននឹងរបងយ៉ាងរឹងមាំនៅមូលដ្ឋាន។ ក្រសួង បានផ្តល់មេពូជគោ ក្របី ជ្រូកជាដើម បានជាង១០០០ក្បាលហើយ ដើម្បីពួកគាត់យកទៅចិញ្ចឹម បែបលក្ខណៈប្រវ៉ាស់។
លោក មាស ថាន ប្រធានសហគមន៏តំបន់ការពារប្រឡាយ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ប្រជាពលរដ្ឋរីករាយ នឹងទទួលបានមេពូជក្របី ដែលផ្តល់ដោយក្រសួង បរិស្ថាន។ ពលរដ្ឋជាច្រើនចង់បានមេពូជក្របី កាន់តែច្រើន សម្រាប់ប្រជាសហគមន៏ ដើម្បីយកទៅចិញ្ចឹម ត្បិតក្របីបានផ្តល់ប្រយោជន៏ជា ច្រើន ដល់សហគមន៏មូលដ្ឋាន។
លោក ញឹប ញឿន អ្នកសម្របសម្រួលផ្នែកជីវភាពសហគមន៏ របស់អង្គការ WCS បានឲ្យដឹងថា គម្រោងធនាគាក្របី ដែលជាការផ្តួចផ្តើមដោយក្រសួង បរិស្ថាន សហការជាមួយអង្គការសមាគមអភរិក្សសត្វព្រៃ WCS។ គម្រោងនេះ បានទិញក្របី មេពូជចំនួន៥០ក្បាល ផ្ដល់សមាជិកសហគមន៏ការពារធម្មជាតិប្រឡាយ ចំនួន២៥គ្រួសារ ដែលមួយគ្រួសារទទួលបាន២ក្បាល ដោយអនុវត្តសាកល្បងរយៈ ពេល១០ ឆ្នាំ។
សូមជម្រាបថា សហគមន៏ការពារធម្មជាតិប្រឡាយ មានការចូលរួមពីប្រជាពល រដ្ឋ ចំនួន៣ភូមិ ដែលមានសមាជិកសរុប៣៨៩គ្រួសារ។ គោលបំណងសំខាន់នៃគម្រោងធនាគារក្របីនេះឡើង គឺដើម្បីជួយលើកកំពស់ជីវភាពប្រជាសហគមន៏ ត្បិតក្របីមានទីផ្សារល្អ និងផ្សារភ្ជាប់ការចូលរួមកិច្ចការងារអភិរក្សសត្វខ្សឹប ដែលជាប្រភេទសត្វស្លាបកម្រនៅលើពិភពលោក៕
អត្ថបទ សំ វណ្ណា
រូបភាព ហេង សុខន






