ស្ថាប័នសុខភាពសាធារណៈកំពូលរបស់ទ្វីបអាហ្រ្វិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃជំងឺ អេបូឡានៅក្នុងប្រទេសអ៊ូហ្គង់ដាកំពុងស្ថិតក្រោមការគ្រប់គ្រង ព្រោះវាមានរយៈពេល៣៩ថ្ងៃ ចាប់តាំងពីករណីចុងក្រោយនៃវីរុសនេះត្រូវបានរាយការណ៍នៅក្នុងប្រទេស។ មន្ត្រីបានបញ្ជាក់ថា ការផ្ទុះឡើងដំបូងគឺក្នុងខែកញ្ញា។ នាយកស្តីទីរបស់ CDC អាហ្រ្វិកលោកបានប្រាប់សន្និសីទខ្លីមួយថា ការផ្ទុះឡើងនឹងបញ្ចប់ប្រសិនបើគ្មានករណីថ្មីត្រូវបានរាយការណ៍ នៅក្នុងប្រទេសអ៊ូហ្គង់ដាត្រឹមថ្ងៃទី១០ ខែមករានេះ។ លោកបានសរសើរការសម្របសម្រួល ដ៏ល្អឥតខ្ចោះរបស់រដ្ឋាភិបាលអ៊ូហ្គង់ដា នៃវិធានការទប់ស្កាត់នឹងជំងឺអេបូឡា ដោយនិយាយថា វាបានចំណាយពេលប្រហែល ៧០ថ្ងៃ ដើម្បីគ្រប់គ្រងការផ្ទុះឡើង។ មានករណីដែលបានបញ្ជាក់ចំនួន១៤២ករណីដែលបណ្តាលអោយមនុស្ស ៥៥នាក់បានស្លាប់។
លោកបានបន្ថែមថា ការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះរបស់ប្រទេសស៊ូដង់កំពុងបន្ត។ អេបូឡាបណ្តាលឱ្យក្អួត ហូរឈាម និងរាគ ហើយឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់អ្នកឆ្លង។ ជួនកាល មេរោគអាចនៅជាប់ក្នុងភ្នែក ប្រព័ន្ធប្រសាទកណ្តាល និងសារធាតុរាវក្នុងរាងកាយរបស់អ្នករស់រានមានជីវិត ហើយនឹងផ្ទុះឡើងនារយ:ពេលច្រើនឆ្នាំក្រោយមក។អង្គការសុខភាពពិភពលោកនិយាយថា ប្រទេសមួយត្រូវឆ្លងកាត់រយៈពេល ៤២ ថ្ងៃ ដែលជាពីរដងនៃរយៈពេលភ្ញាស់អតិបរិមា បន្ទាប់ពីករណីដែលត្រូវបានបញ្ជាក់ចុងក្រោយសម្រាប់ប្រទេសនេះត្រូវប្រកាសថាគ្មានមេរោគអេបូឡា៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






