ត្រឹមថ្ងៃទី១៤ ខែមិថុនានេះ ក្រុមការងាររបស់រាជធានីភ្នំ ពេញ បានកំពុងអនុវត្តន៍បន្តការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បី បង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ កាត់បន្ថយការលិចលង់ហេដ្ឋារចនាសម្ព័ន្ធឬលំនៅដ្ឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះថា អង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើ សកម្ម ភាពស្តារប្រឡាយបឹងទំពន់ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ ម៉ែត្រ ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង ១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ លោក ដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕
ដោយ÷ សំអាតនិងពិសិដ្ឋ






