ពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុតរបស់កម្ពុជា និងសិក្ខាសាលាអន្តរជាតិស្ដីពីស្ថានភាពត្រីបបែលយក្ស នឹងត្រូវរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពីលោក ហាស់ សារ៉េត តំណាងលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម។
កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេ មេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គនិងប្រព័ន្ធទន្លេនានាលើពិភព លោក ។
សូមជម្រាបថា ត្រីបបែលយក្សនេះ ត្រូវបានអ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែងចាប់បាន កាលពីថ្ងៃទី១៣ មិថុនា បច្ចុប្បន្នបានបំបែកកំណត់ត្រាជាត្រីទឹកសាប ធំបំផុតលើលោក។
ត្រីបបែលនេះ មានទម្ងន់ប្រមាណជា ៣០០គីឡូក្រាម និងត្រូវបានគេដាក់ឈ្មោះថា «បូណ៌មី» ដែលមានន័យថា «ព្រះច័ន្ទពេញវង្ស»៕






