នៅរសៀលថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pengiran Dato Shamhary Pengiran Dato Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃវិស័យដឹកជញ្ជូន ការតភ្ជាប់ ការអភិវឌ្ឍទីក្រុងឆ្លាតវ័យ និងបរិវត្តកម្មឌីជីថលនៅក្នុងអាស៊ាន។
ឯកឧត្តមអគ្គលេខា ធិការអាស៊ាន ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ព្រុយណេក្នុងការពង្រឹងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ នៅក្នុងអាស៊ាន រួមទាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អការរស់នៅក្នុងទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាព។






