ខេត្តព្រះសីហនុ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្ន បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់ និង សម្ដេចក្រុមព្រះ នរោត្តម រណ្ណប្ញទ្ធិ ព្រមទាំងមនុស្សច្រើននាក់ទៀតរបួសធ្ងន់ ដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
គ្រោះថ្នាក់ចរារណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុង ឃុំអូរឧកញ៉ាហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
បុរសអ្នកបើកបររថយន្តតាក់ស៊ីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមាន ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់១ក្រុងព្រះសីហនុ។
ភ្លាមៗបន្ទាប់ពីត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ អ្នកបើកបររូបខាងលើ ក៏ត្រូវបានមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ នាំខ្លួនទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការគ្រប់គ្រងរបស់មន្ត្រីពន្ធនាគារ ព្រោះជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើក៏មានរបួសធ្ងន់ដែរ៕ នោរា













