សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេក ទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។
ថ្លែងក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ជាក់ស្តែង សម្រាប់ជាធាតុចូលដល់ការសម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបាន។
សម្តេចតេជោ បានលើក ទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ហ្សាកាតា ស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់ និងសកល។
សូមបញ្ជាក់ដែរថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕






